05/09/2026
កម្ពុជា សិក្សាបទពិសោធន៍កាហ្សាក់ស្ថាន ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងប្រើ AI វិភាគមុខងាររដ្ឋ
អាស្ដាណា៖ ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបញ្ចប់ទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន ដោយផ្តោតលើការស្វែងយល់ពីបទពិសោធន៍ល្អៗក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងការផ្តល់សេវាសាធារណៈ។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូកម្ពុជាបានចុះសិក្សានៅ បណ្ឌិត្យសភារដ្ឋបាលសាធារណៈក្រោមការិយាល័យប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលជាស្ថាប័នស្នូលក្នុងការបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង បញ្ញាសិប្បនិម្មិត (AI)។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍ គឺបណ្ឌិត្យសភានេះបានរៀបចំការបណ្តុះបណ្តាល AI សម្រាប់មន្ត្រីជា២កម្រិត គឺ កម្រិតមន្ត្រី និងកម្រិតថ្នាក់ដឹកនាំ ខណៈបច្ចេកវិទ្យា AI ក៏ត្រូវបានយកមកប្រើក្នុងការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន និងមន្ត្រី ដើម្បីកំណត់មុខងារដែលអាចមានការជាន់គ្នា និងស្វែងរកប្រសិទ្ធភាពថ្មីក្នុងការផ្តល់សេវាសាធារណៈ។
ទស្សនកិច្ចនេះក៏បានបញ្ចប់ដោយពិធីបិទនៅមជ្ឈមណ្ឌលសេវាសាធារណៈ Astana Hub នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងភាគីកាហ្សាក់ស្ថាន និងអ្នកពាក់ព័ន្ធលើវិស័យបច្ចេកវិទ្យា និងឌីជីថល។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងរដ្ឋបាលខេត្ត-ស្រុកពាក់ព័ន្ធ ដោយមានការគាំទ្រពី ADB និង GIZ។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសឱ្យប្រតិភូកម្ពុជាស្វែងយល់ពីបទពិសោធន៍នៃការធ្វើទំនើបកម្មរដ្ឋបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេស AI ក្នុងការវិភាគទិន្នន័យ និងមុខងាររដ្ឋ ដើម្បីកាត់បន្ថយការជាន់គ្នា និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបន្តអភិវឌ្ឍរដ្ឋបាលឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។
—-
អត្ថបទសម្រួលពីផេករបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
05/09/2026
អាវុធហត្ថតាកែវ-កណ្តាល បង្ក្រាបជួញដូរគ្រឿងញៀន ឃាត់ខ្លួន៤នាក់
តាកែវ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយអាវុធហត្ថខេត្តកណ្តាល បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតថ្នាំញៀន ១៥កញ្ចប់ ទម្ងន់២១១.៦២ក្រាម កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តតាកែវ និងខេត្តកណ្តាល។
វត្ថុតាងរួមមាន ជញ្ជីង២គ្រឿង ទូរស័ព្ទ៥គ្រឿង ម៉ូតូ២គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
05/09/2026
អគ្គិភ័យឆាបឆេះផ្ទះថ្មក្រោមឈើលើ នៅព្រែកប្រា ខូចខាតទាំងស្រុង ខណៈផ្ទះជិតខាងរងការរោល
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល និងធ្វើឱ្យសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៖១០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
តាមប្រភពនៅកន្លែងកើតហេតុ មុនពេលភ្លើងឆាបឆេះខ្លាំង គេបានឃើញផ្សែងហ៊ុយចេញពីជាន់លើផ្ទះ ហើយប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកជួយអន្តរាគមន៍ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏រាយការណ៍ទៅសមត្ថកិច្ច។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់។
ជាលទ្ធផល ផ្ទះថ្មក្រោម ឈើលើ ប្រក់ស័ង្កសីមួយខ្នង ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង និងរោលដល់ផ្ទះអ្នកជិតខាងមួយខ្នង។ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នករងរបួស ឬបាត់បង់ជីវិតឡើយ។
05/09/2026
🗣️ ចំណាប់អារម្មណ៍របស់លោក Scott Cooper គ្រូបង្វឹកវិសាខា ថ្លែងមុនប៉ះកងយោធពលខេមរភូមិន្ទ សប្តាហ៍ទី១ ពានង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 🇰🇭 ថ្ងៃទី៦ កញ្ញា ខាងមុខ 🔥🏆
05/09/2026
👉 លទ្ធផលការប្រកួតពានរង្វាន់លីគនារីកម្ពុជា 🇰🇭 Cambodian Women’s League សប្តាហ៍ទី១៣ 🔥🏆
05/09/2026
ពង្រឹងសមត្ថភាពមន្ត្រីជំនាញ! នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បិទវគ្គបណ្តុះបណ្តាលច្បាប់ និងវិធានការស៊ើបអង្កេត
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងវិធានការស៊ើបអង្កេត ដើម្បីពង្រឹងចំណេះដឹងផ្នែកច្បាប់ និងជំនាញវិជ្ជាជីវៈដល់មន្ត្រីនគរបាលជំនាញ ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីច្បាប់។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបិទនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សេន សុភាព ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងដោយមានលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ជាគ្រូឧទ្ទេស។
លោកឧត្តមសេនីយ៍ត្រី សេន សុភាព បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន បទល្មើសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាន់តែវិវត្ត និងមានភាពស្មុគស្មាញ ជាពិសេសតាមរយៈបណ្តាញសង្គម ប្រព័ន្ធទូទាត់អេឡិចត្រូនិក និងឧបករណ៍ឌីជីថល។
ស្ថានភាពនេះទាមទារឱ្យមន្ត្រីអនុវត្តច្បាប់ មានការយល់ដឹងច្បាស់លាស់ទាំងផ្នែក ច្បាប់ នីតិវិធី និងបច្ចេកទេសស៊ើបអង្កេត ដើម្បីធានាថា ការបង្ក្រាប ការស៊ើបអង្កេត ការប្រមូលភស្តុតាង ការឃាត់ខ្លួន និងការកសាងសំណុំរឿង ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងស្របតាមច្បាប់។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានបានណែនាំដល់សិក្ខាកាមឱ្យយល់ឱ្យច្បាស់ពីការកសាងនីតិវិធីក្នុងករណីបទល្មើសនីមួយៗ ពង្រឹងការយល់ដឹងពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តការងារដោយផ្អែកលើ ច្បាប់ នីតិវិធី និងគោលការណ៍វិជ្ជាជីវៈ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ឱ្យកាន់តែមានភាពរឹងមាំក្នុងការអនុវត្តច្បាប់ និងឆ្លើយតបចំពោះទម្រង់បទល្មើសថ្មីៗ ដែលកំពុងវិវត្តតាមបច្ចេកវិទ្យា៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម