18/09/2026
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥»
----------
នារសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និង ជាប្រធានក្រុមការងារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង សមាជិក-សមាជិកានៃក្រុមការងារ IDP នៃ កបស ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសាវតារនៃការរៀបចំគោលនយោបាយ IDP ដែលត្រូវបានចាប់ផ្ដើមដំបូងនៅខែ ឧសភា ឆ្នាំ ២០២៥ និង បន្តបន្ទាប់មកទៀត មានការប្រជុំពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និង វិស័យឯកជន ព្រមទាំងបានធ្វើការសិក្សាពីបទពិសោធន៍អន្តរជាតិ ដើម្បីប្រមូលធាតុចូល សំដៅដាក់ចេញនូវវិធានការគោលនយោបាយជាក់លាក់ និង ប្រាកដនិយម សម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរៀបចំគោលនយោបាយ IDP ដែលមានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និង ជំនាញទាប ទៅឧស្សាហកម្មដែលផ្អែកលើជំនាញ និង បច្ចេកវិទ្យាខ្ពស់ ព្រមទាំងដាក់ចេញនូវគោលបំណងចម្បងចំនួន ៤ ដែលរួមមាន ៖ ទី១. បង្កើនការវិនិយោគដែលមានគុណភាព និង បង្កើតការងារដែលមានជំនាញ, បច្ចេកវិទ្យា, ផលិតភាពខ្ពស់ជាងមុខ និង ប្រាក់ចំណូលប្រសើរ, ទី២. រក្សា និង ជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅ នូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង, ទី៣. កសាងវិស័យដែលគាំទ្រដល់ការបង្កើនផលិតភាព នៃវិស័យឧស្សាហកម្មផ្សេងៗទៀត, និង ទី៤. តម្រង់ទិសគ្រប់វិស័យពាក់ព័ន្ធ ឱ្យមានភាពត្រៀមខ្លួនរួចរាល់សម្រាប់និន្នាការអនាគត, មានភាពធន់នឹងបរិស្ថាន និង ការគ្រប់គ្រងផលប៉ះពាល់បរិស្ថានឧស្សាហកម្ម ។
គោលនយោបាយ IDP ២០២៦-២០៣៥ បានកំណត់យកឧស្សាហកម្មយុទ្ធសាស្រ្ត ក្នុងវិស័យអាទិភាពចំនួន ៤ ក្រុម គឺ៖ ១). វិស័យឧស្សាហកម្មដែលមានស្រាប់, ២). វិស័យឧស្សាហកម្មកំពុងលូតលាស់, ៣). វិស័យឧស្សាហកម្មយុទ្ធសាស្រ្តរយៈពេលវែង, និង ៤). វិស័យឧស្សាហកម្មគាំទ្រ និង សេដ្ឋកិច្ចចក្រា ដោយបានដាក់ចេញនូវវិធានការគោលនយោបាយជាក់លាក់ និង អាចអនុវត្តបានភ្លាម សម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ។ វិធានការទាំងនោះ ត្រូវបានរៀបចំដោយឈរលើសសរស្តម្ភចំនួន ៧ រួមមាន៖ ១). ការលើកកម្ពស់ និង សម្របសម្រួលការវិនិយោគ, ២). ការពង្រីក និង ពិពិធកម្មទីផ្សារនាំចេញ, ៣). ការពង្រឹងការតភ្ជាប់ និង ការធ្វើមូលដ្ឋានីយកម្មឧស្សាហកម្ម, ៤). ការកែលម្អបរិយាកាសធុរកិច្ច, ៥). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និង ទន់, ៦). ការពង្រឹងការអភិវឌ្ឍជំនាញ បច្ចេកវិទ្យា និង ទីផ្សារការងារ និង ៧). ការបង្កើនហិរញ្ញប្បទាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា គោលនយោបាយ IDP នេះ គឺជាត្រីវិស័យសម្រាប់តម្រង់ទិសឧស្សាហកម្មកម្ពុជា សម្រាប់ទសវត្សរ៍ខាងមុខ តាមរយៈការដោះស្រាយរាល់បញ្ហាប្រឈមជារចនាសម្ព័ន្ធ, កសាងមូលដ្ឋានឧស្សាហកម្មប្រកួតប្រជែង, ធ្វើពិពិធកម្មមុខទំនិញនាំចេញ និង ពង្រឹងការតភ្ជាប់រវាងការវិនិយោគបរទេស ជាមួយសហគ្រាសក្នុងស្រុក ។ បន្ថែមពីនេះ, ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម នឹងកាន់តែមានភាពមុតស្រួច និង ជាក់លាក់ តាមរយៈការកំណត់ឱ្យបានលម្អិតនូវវិស័យឧស្សាហកម្មគន្លឹះ ដែលមានឧត្តមភាព និង ផ្ដោតលើការជំរុញការអភិវឌ្ឍសកម្មភាពឧស្សាហកម្មជាជំហានៗ ទៅតាមដំណាក់កាល ស្របទៅតាមភាពប្រកួតប្រជែងជាក់ស្តែងរបស់កម្ពុជា ។
ជាមួយនេះ, អង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុសផុល និង បានផ្ដល់មតិយោបល់កែលម្អបន្ថែមសេចក្ដីព្រាងគោលនយោបាយ IDP នេះ សំដៅធ្វើឱ្យ វិធានការគោលនយោបាយដែលនឹងដាក់ចេញ កាន់តែមុតស្រួច ជាក់លាក់ និង អាចអនុវត្តបានភ្លាម, ការរៀបចំយន្តការស្ថាប័នអាចអនុវត្តបាន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ», ការផ្ទេរបច្ចេកវិទ្យា និង ការអភិវឌ្ឍជំនាញ គឺជាស្ពានចម្លងដ៏សំខាន់ដើម្បីភ្ជាប់ការស្រាវជ្រាវ នវានុវត្តន៍ និង ចំណេះដឹងថ្មីៗ ទៅកាន់ការអនុវត្តជាក់ស្តែងក្នុងវិស័យឧស្សាហកម្ម និង ទីផ្សារការងារ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ការរៀបចំគោលនយោបាយ IDP នេះ បានដាក់ចេញនូវវិធានការគោលនយោបាយជាក់លាក់ សម្រាប់កសាងវិស័យឧស្សាហកម្មកម្ពុជា ឱ្យកាន់តែមានពិពិធកម្ម, ភាពធន់ និង សមត្ថភាពប្រកួតប្រជែងខ្ពស់ សំដៅរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ច និង សម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕
https://t.me/efinews/4402
==============
🌐 Website : https://efi.mef.gov.kh
👤 Facebook : https://facebook.com/efimef
✈️ Telegram : https://t.me/efinews
🎬 YouTube : https://www.youtube.com/
📱 Location : https://goo.gl/maps/LoWR9eSYBU243DHZ7