01/09/2026
សារលិខិតជូនពរ លោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសខួបកំណើត ១ កញ្ញា ២០២៦។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមជូនពរលោក ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តមានការអភិវឌ្ឍប្រកបដោយចីរភាព។
28/08/2026
[English below]
ពីការប្តេជ្ញាចិត្តឆ្ពោះចេញជាលទ្ធផល៖ ការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ននៅកម្ពុជា
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ស្វាគមន៍ចំពោះវឌ្ឍនភាពដែលបានរំលេចក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយភាគីពាក់ព័ន្ធលើកទី៤ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដោយសកម្មភាពអាទិភាពចំនួន ១៦ ក្នុងចំណោម ២២ ត្រូវបានបញ្ចប់ ហើយសកម្មភាពដែលនៅសេសសល់កំពុងត្រូវបានពន្លឿននៅទូទាំងវិស័យសំខាន់ៗ ដូចជាបទប្បញ្ញត្តិនិងការត្រួតពិនិត្យ កិច្ចការពារអតិថិជន ទិន្នន័យ កម្ចីក្រៅផ្លូវការ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
ចំពោះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា វឌ្ឍនភាពនេះបង្ហាញពីការបញ្ចប់កិច្ចការដ៏សំខាន់។ វាជាឱកាសមួយក្នុងការផ្លាស់ប្តូរពីការអនុវត្តឆ្ពោះទៅរកលទ្ធផល។
ដំណាក់កាលបន្ទាប់នឹងផ្តោតលើការពង្រឹងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ការការពារអតិថិជន ការលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុដែលសមស្រប ការគាំទ្រដល់សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម (MSMEs) និងសកម្មភាពសេដ្ឋកិច្ចដែលប្រកបដោយផ្លែផ្កា ព្រមទាំងការកសាងភាពធន់ឱ្យកាន់តែខ្លាំងនៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា អង្គការសហប្រជាជាតិ ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងគ្រឹះស្ថានជាសមាជិករបស់យើង ដើម្បីប្រែក្លាយអាទិភាពរួមទាំងនេះទៅជាលទ្ធផលជាក់ស្តែងនិងអាចវាស់វែងបានសម្រាប់ប្រជាជន និងអាជីវកម្មដែលយើងធ្វើការជាមួយ៕
From commitment to impact - advancing responsible and inclusive finance in Cambodia.
CMA welcomes the progress highlighted in the Fourth NBC–UN High-Level Multi-Stakeholder Convening on Microfinance in Cambodia, with 16 of the 22 priority actions completed and the remaining actions being advanced across key areas including regulation and supervision, borrower protection, data, informal lending, and alternative financing.
For CMA, this progress represents more than the completion of a roadmap. It is an opportunity to move from implementation to impact.
The next phase should focus on strengthening responsible finance, deepening financial literacy, protecting consumers, improving access to appropriate financial services, supporting MSMEs and productive economic activity, and building greater resilience across Cambodian communities.
CMA remains committed to working closely with the National Bank of Cambodia, the United Nations, government institutions, development partners, civil society and our members to turn these shared priorities into practical and measurable outcomes for the people and businesses we serve.
28/08/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំកិច្ចប្រជុំក្លឹបគ្រឹះស្ថានឥណទានជនបទ លើកទី២ ឆ្នាំ២០២៦
-----------——
ថ្ងៃនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំកិច្ចប្រជុំក្លឹបគ្រឹះស្ថានឥណទានជនបទ លើកទី២ ឆ្នាំ២០២៦ ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន និងពិភាក្សាអំពីបញ្ហាប្រឈម ឱកាស អនុលោមភាព និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់វិស័យឥណទានជនបទ សំដៅលើកកម្ពស់ការអភិវឌ្ឍក្លឹបក៏ដូចជាវិស័យឥណទានជនបទនៅកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមដោយ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ម៉ែន ភក្ដី អគ្គនាយករង បទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា លោក ឌី ស៊ីថា ប្រធានក្លឹបគ្រឹះស្ថានឥណទានជនបទនិង សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិកក្លឹប និងភាគីពាក់ព័ន្ធសរុប ៤០ នាក់។
ក្នុងឱកាសនោះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងអំពីវឌ្ឍនភាព និងការចូលរួមចំណែករបស់វិស័យឥណទានជនបទក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាពិសេសការរួមចំណែកលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម។ លោកបានគូសបញ្ជាក់ថា គ្រឹះស្ថានឥណទានជនបទបាន និងកំពុងបន្តចូលរួមផ្តល់ឥណទានខ្នាតតូច និងតូចបំផុតជូនប្រជាពលរដ្ឋ ដើម្បីគាំទ្រការប្រកបអាជីវកម្មលក្ខណៈគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ លោកបន្ថែមដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានឥណទានជនបទមានទ្រព្យសកម្មសរុប ៣០,៨០ លានដុល្លារអាមេរិក និងបានផ្តល់ឥណទានសរុប ២៨,០៧ លានដុល្លារអាមេរិក ដល់អតិថិជនជាង ៣ម៉ឺននាក់ តាមរយៈប្រតិបត្តិការនៅទូទាំងប្រទេស។
សមាគមនឹងបន្តពង្រឹងតួនាទីរបស់ក្លឹបគ្រឹះស្ថានឥណទានជនបទ តាមរយៈកិច្ចប្រជុំ ការពិភាក្សា និងការចែករំលែកព័ត៌មាន ដើម្បីពង្រឹងកិច្ចសហការ សមត្ថភាព និងការដោះស្រាយបញ្ហាប្រឈមរបស់សមាជិក និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឥណទានជនបទ និងវិស័យមីក្រូហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕
27/08/2026
Invitation to Regional Workshop on : Strengthening Governance and Operational Excellence in the Banking and Financial Sector for Sustainable Growth.
📅 ⏰Date and Region:
- Workshop for Region (Including: Kok Kong, Kampot, Kep and Sihanouk Ville Province) in Preah Sihanouk Province 03 September 2026
🎯🎯Target Participants:
• Regional and Branch Managers
• Deputy Regional and Branch Managers
• Area Managers or Officers responsible for branch oversight and staff training
✉️Fee Charge: 600,000 Riel
Tax is excluded
🔗Link to register: https://forms.gle/W3UmdwWBr3XwuiFQA
📞Contact for more information
Ms. Heng Sopheavy
The Association of Banks in Cambodia, 017 336 365
Mr. Dith Sothearo
Cambodia Microfinance Association, 012 212 312
26/08/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជ្រាបការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ និងឱកាសការងារដល់សិស្ស-និស្សិត
-----------——
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បន្តសហការជាមួយ វិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តសៀមរាបរៀបចំសិក្ខាសាលា ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ»។
តាមរយៈសិក្ខាសាលានេះ សិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងគន្លឹះសំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ ត្រៀមខ្លួនសម្រាប់ទីផ្សារការងារ និងស្វែងយល់កាន់តែច្បាស់អំពីទិសដៅ និងឱកាសការងារនៅក្នុងវិស័យ។ បន្ថែមលើនេះសិក្ខាសាលានេះក៏បានចែករំលែកនូវចំណេះដឹងអំពីការវិវឌ្ឍនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសតួនាទី និងការចូលរួមចំណែករបស់វិស័យនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ។
គួរបញ្ជាក់ដែរថា សិក្ខាសាលានេះមានចូលរួមអញ្ជើញចូលរួមដោយ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ខា ស៊ីចាន់ នាយកនៃវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងសិស្ស-និស្សិត នៃវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ច ជាច្រើនរូបផងដែរ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តរួមចំណែកបញ្ជ្រាបការយល់ដឹងអំពីវិស័យ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាឱកាសអាជីពដល់យុវជនកម្ពុជា តាមរយៈកិច្ចសហការជាមួយស្ថាប័នអប់រំ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងសមត្ថភាព សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕
25/08/2026
វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមាន ចំណេះដឹង ជំនាញច្បាស់លាស់ និងការទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលអនាគត។
ដើម្បីជាផ្នែកមួយនៃការកសាង និងពង្រឹងសមត្ថភាពដល់យុវជនកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹងសាកលវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការត្រៀមខ្លួនសម្រាប់អាជីព និងជំនាញវិជ្ជាជីវៈ របស់យុវជនសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុងសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» ដែលរៀបចំដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយនឹងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ក្នុងនោះ លោកបានលើកឡើងថា យុវជនគឺជាកម្លាំងស្នូល និងជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនាពេលអនាគត ដូច្នេះយុវជនគួរតែចាប់ផ្តើមអភិវឌ្ឍចំណេះដឹង ជំនាញរបស់ខ្លួន ជាពិសេសចំេណះដឹងអំពីវិស័យ ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
លោកក៏បានសង្កត់ធ្ងន់ដែរថា ការត្រៀមខ្លួនសម្រាប់អាជីពក្នុងវិស័យហិរញ្ញវត្ថុ គួរចាប់ផ្តើមតាំងពីពេលនៅកំពុងសិក្សា តាមរយៈការឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីវិស័យហិរញ្ញវត្ថុ អភិវឌ្ឍជំនាញវិជ្ជាជីវៈ ស្វែងរកបទពិសោធន៍ និងឈ្វេងយល់ពីតម្រូវការទីផ្សារការងារនៅក្នុងវិស័យ ដើម្បីត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ការចាប់ផ្តើមអាជីពក្រោយពីបញ្ចប់ការសិក្សា៕
25/08/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ
-----------——
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក វ័ន វឿន នាយកសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ព្រមទាំងសាស្ត្រាចារ្យ បុគ្គលិក និងសិស្ស-និស្សិតនៃសាកលវិទ្យាល័យជាច្រើននាក់។
ក្នុងឱកាសនោះ សមាគមបានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹង ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការរៀបចំផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងចំណូល-ចំណាយ ការសន្សំ ការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ សមាគមក៏បានចែករំលែកអំពី ទិដ្ឋភាពទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏ដូចជា តួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់វិស័យក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ព្រមទាំងបង្ហាញពី ឱកាសការងារ និងអាជីពក្នុងវិស័យហិរញ្ញវត្ថុ។
តាមរយៈសិក្ខាសាលានេះ សិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងគន្លឹះសំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ ត្រៀមខ្លួនសម្រាប់ទីផ្សារការងារ និងស្វែងយល់កាន់តែច្បាស់អំពីទិសដៅ និងឱកាសការងារនៅក្នុងវិស័យ។ ការលើកកម្ពស់ចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈរបស់យុវជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សដែលមាន សមត្ថភាព ការទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕